សំដីមេដឹកនាំពិភពលោក
ណាប៉ូឡេអុង បូណាប៉ារត៍(១៧៦៩-១៨២១)
អ្នកចម្បាំង និងយោធាដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រ ដែលក្នុងនាមជាមេដឹកនាំបារាំងលះបង់ខ្លួនដើម្បីការបង្រួបបង្រួម ទ្វីបអឺរ៉ុប។
១. នៅក្នុងសង្រ្គាម បីភាគបួនអាស្រ័យលើអត្តចរិតបុគ្គល និងទំនាក់ទំនង។ តុល្យភាព កម្លាំងមនុស្ស និងសម្ភារៈ ទទួលខុសត្រូវតែចំណែកមួយភាគបួនដែលនៅសល់តែប៉ុណ្ណោះ។
២. កងទ័ពអាចប្រយុទ្ធបានដោយសារក្រពះ។
៣. គ្រាប់កាំភ្លើងដែលអាចសម្លាប់ខ្ញុំបាន មិនទាន់ត្រូវគេផលិតចេញនៅឡើយ។
៤. ពីភាពប្រសើរថ្លៃថ្នូរមកភាពគួរឲ្យអស់សំណើច មានចំងាយតែមួយជំហានប៉ុណ្ណោះ។ (ក្រោយពីដកទ័ពថយពីក្រុងមូស្គូ)
៥. ស្តេចគ្រងរាជដែលមានឈ្មោះល្អនៅឆ្នាំដំបូង នឹងត្រូវគេសើចចំអកនៅឆ្នាំបន្ទាប់។
អូតូ វ៉ុន ប៊ីស្មាក់
(១៨១៥-១៨៩៨)
“ អធិការបតីដៃដែក” ជាតិព្រុស្យាដែលបានបង្រួបបង្រួមជាតិអាល្លឺម៉ង់តាមមធ្យោបាយ “ ឈាមនិងដែក” ។
១. នយោបាយគឺជាសិល្បៈនៃកិច្ចការដែលអាចសម្រេចបាន។
២. ថ្វាយអំណាចយោធាដ៏ខ្លាំងបំផុតឲ្យទៅស្តេចព្រុស្យា បន្ទាប់មកព្រះអង្គនឹងអាចអនុវត្តគោលនយោបាយទៅតាមបំណងរបស់អ្នក។ គោលនយោបាយនេះ មិនអាចសម្រេចទៅបានតាមរយៈពាក្យសំដី ការប្រកួតបាញ់ និងចម្រៀងទេ តែសម្រេចបានតាមរយៈ “ ឈាមនិងដែក” ។
៣. ប្រសិនបើមានសង្រ្គាមមួយទៀតនៅអឺរ៉ុប នោះវានឹងកើតឡើងដោយសាររឿងឆ្កួតៗខ្លះៗ នៅតំបន់បាល់កង់។
៤. នៅពេលអ្នកនិយាយថា អ្នកយល់ស្របអ្វីមួយជាគោលការណ៍ មានន័យថាអ្នកគ្មានចេតនាបន្តិចសោះ នឹងអនុវត្តវា។
វ៉្លាឌីមៀ អ៊ីលីជ ឡេនីន
(១៨៧០-១៩២០)
អ្នកទ្រឹស្តីនយោបាយ និងអ្នកដឹកនាំខ្លាំង នៃបដិវត្តន៍ ដែលបានប្រែក្លាយប្រទេសរុស្ស៊ីក្រោមស្តេចត្សាឲ្យទៅជាប្រទេស កុម្មុយនិស្តទី១នៅលើពិភពលោក។
១. លទ្ធិកុម្មុយនិស្ត ជាអំណាចរបស់សូវៀត បូកផ្សំនិងអគ្គិសនីកម្មរបស់ប្រទេសទាំងមូល។
២. ចក្រពត្តិនិយម គឺជាដំណាក់កាលផ្តាច់មុខ នៃលទ្ធិមូលធននិយម។
៣. សេរីភាពជាវត្ថុមានតម្លៃ មានតម្លៃរហូតត្រូវកំណត់។
៤. ដរាបណាមានរដ្ឋពុំអាចមានសេរីភាព។ នៅពេលមានសេរីភាព នឹងពុំមានរដ្ឋ។
៥. លទ្ធិប្រជាធិបតេយ្យ មិនដូចគ្នាបេះបិតនឹងការគ្រប់គ្រងដោយសម្លេងភាគច្រើនទេ។ លទ្ធិប្រជាធិបតេយ្យជារដ្ឋមួយដែលទទួលស្គាល់ការយកសំលេងភាគតិចមក ដាក់ឲ្យនៅក្រោមសម្លេងភាគច្រើន គឺជាអង្គការមួយដែលប្រើប្រាស់កម្លាំងជាប្រព័ន្ធដោយវណ្ណៈមួយ ប្រឆាំងនឹងវណ្ណៈមួយទៀត ដោយមនុស្សមួយក្រុមប្រឆាំងនឹងមនុស្សមួយក្រុមទៀត។
បេនីតូ មូសូលីនី
(១៨៨៣-១៩៤៥)
ជាអ្នករៀបចំចាត់តាំងបង្កើតរបបផ្តាច់ការហ្វាស៊ីសនៅអ៊ីតាលី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយ អាដុលហ្វ៍ អ៊ីត្លែរ នៅអាល្លឺម៉ង់
១. បើខ្ញុំរុលទៅមុខ តាមខ្ញុំ! បើខ្ញុំដកថយ សម្លាប់ខ្ញុំចោល! បើខ្ញុំស្លាប់សងសឹកឲ្យខ្ញុំ!
២. អ្នកដឹងពីអ្វីដែលខ្ញុំគិតពីភាពហិង្សា។ សម្រាប់ខ្ញុំហិង្សាវាត្រឹមត្រូវតាមសីលធម៌ណាស់ គឺមានសីលធម៌ជាងការព្រមព្រៀងនិងស្រុះស្រួលគ្នាទៅទៀត។
៣. យើងត្រូវតែចេញដំណើរឲ្យទាន់ចំពេល… ចាប់ពីពេលនេះតទៅអ្វីៗត្រូវតែឆ្ពោះទៅមុខដោយសុក្រិតភាព។
ហ្សូសេហ្វ ស្តាលីន
(១៨៧៩-១៩៥៣)
ទទួលតណែងពីឡេនីនក្នុងនាមជាមេដឹកនាំសហភាពសូវៀត និងបានលើកតម្កើងប្រជាជាតិមួយឲ្យប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងការដឹកនាំពិភពលោក
១. អ្នកនិពន្ធជាវិស្វកររបស់ព្រលឹងមនុស្ស
២. បទពិសោធន៍ជាប្រវត្តិសាស្ត្រដ៏សំបូរបែប បង្រៀនយើងថារហូតមកទល់សព្វថ្ងៃនេះ គ្មានវណ្ណៈណាមួយស្ម័គ្រចិត្តជៀសផ្លូវទុកឲ្យវណ្ណៈមួយទៀតទេ។
៣. រដ្ឋជាឧបករណ៍មួយក្នុងដៃរបស់វណ្ណៈកាន់អំណាច ដែលត្រូវគេប្រើប្រាស់សម្រាប់បង្រ្កាបការប្រឆាំងរបស់សត្រូវនៃ វណ្ណៈនោះ។
អាដុលហ្វ៍ ហ៊ីត្លែរ
(១៨៨៩-១៩៤៥)
អ្នកដឹកនាំរបបផ្តាច់ការហ្វាស៊ីសនៅប្រទេសអាល្លឺម៉ង់ និងជាអ្នកវាតទីកាន់កាប់ទ្វីបអឺរ៉ុបដីគោកក្នុងសង្រ្គាមលោកលើក ទី២
១. ជំនឿពិបាកលប់បំបាត់ជាងចំណេះដឹង
២. ក្នុងប្រជាជាតិមួយ មហាជនមួយក្រុមធំ.. ងាយនឹងក្លាយជាជនរងគ្រោះពីការភូតភរដ៏ធំមួយ ជាងមហាជនមួយក្រុមតូចផ្សេងទៀត។
វីនស្តុន ឆឹចឈីល
(១៨៧៤-១៩៦៥)
នាយករដ្ឋមន្រ្តីអង់គ្លេសដែលបានឈរជើងយ៉ាងរឹងមាំនិងក្លាហាន ដើម្បីតទល់នឹងកម្លាំងណាស៊ីក្នុងកំឡុងពេលដ៏អួរអាប់បំផុតនៃ អារ្យធម៌បស្ចិមប្រទេស
១. យើងរៀបចំផ្ទះរបស់យើង ក្រោយមកវានឹងរៀបចំយើងវិញ
២. សេចក្តីក្លាហានត្រូវចាត់ទុកជាគុណសម្បត្តិដំបូងគេរបស់មនុស្ស ព្រោះវាធានាដល់គុណសម្បត្តិផ្សេងទៀតទាំងអស់។
៣. គេនិយាយថាលទ្ធិប្រជាធិបតេយ្យជាទម្រង់រដ្ឋាភិបាលអាក្រក់បំផុត លើកលែងតែទម្រង់រដ្ឋាភិបាលផ្សេងទៀតទាំងឡាយណា ដែលទទួលបានការសាកល្បងពីមួយពេលទៅមួយពេល។
៤. ជាកំហុសមួយដែលមនុស្សម្នាក់មើលទៅឆ្ងាយហួសពេក។ ក្នុងខ្សែជីវិតមានចំនុចតែមួយគត់ដែលអាចត្រូវដោះស្រាយនៅពេលតែ មួយដូចគ្នា។
៥. ប្រវត្តិសាស្ត្រពិភពលោកទំាងមូលត្រូវសង្ខេបមកត្រឹមការពិតដែលថា ប្រជាជាតិខ្លាំងតែងមិនធ្វើត្រឹមត្រូវទេ ហើយនៅពេលពួកគេទាមទារឲ្យមានភាពត្រឹមត្រូវលើខ្លួន មានន័យថា ពូកគេលែងខ្លាំងទៀតហើយ។
៦. នយោបាយគ្រោះថ្នាក់ជាងសង្គ្រាម ព្រោះក្នុងសង្គ្រាមអ្នកអាចត្រូវគេសម្លាប់តែម្តងគត់។
៧. សង្គ្រាមភាគច្រើន ជាសៀវភៅរាយឈ្មោះកំហុសចោលម្សៀត។
៨. ចក្រភពរបស់អនាគតកាលគឺចក្រភពរបស់ចិត្ត។
៩. និយាយវែងឥតប្រយោជន៍ តែងតែប្រសើរជាងសង្គ្រាមអូសបន្លាយ។
១០. ក្រៅពីសមនឹងទទួលជោគជ័យ គ្មាននរណាម្នាក់ធានាថានឹងទទួលបានវានៅក្នុងសង្គ្រាមឡើយ។
១១. នៅពេលអ្នកត្រូវសម្លាប់មនុស្សម្នាក់ វាគ្មានតំលៃអ្វីទេដែលធ្វើឬកជាសុភាព។
១២. សីលធម៌សម្រាប់ការងារគឺថាៈ ពេលសង្គ្រាមគេនិយាយពីដំណោះស្រាយ ពេលបរាជ័យគេត្រូវការភាពគឃ្លើន ពេលជោគជ័យត្រូវមានចិត្តអធ្យាស្រ័យ និងពេលសន្តិភាពត្រូវមានសុច្ឆន្ទៈ។
មហាត្មៈ គន្ធី
(១៨៦៩-១៩៤៨)
មេដឹកនាំអហិង្សានិងសាសនាឥណ្ឌាដែលបានដឹកនាំការតស៊ូទាមទារសេរីភាពពីការគ្រប់គ្រងរបស់អង់គ្លេស
១. ចំពោះមនុស្សដែលក្រពះរបស់គេគ្មានអ្វីសោះ អាហារគឺជាព្រះ។
២. ខ្ញុំមិនមែនកសាងខ្លួនសម្រាប់សរសេរទ្រឹស្តី តែសកម្មភាពជាគោលដៅរបស់ខ្ញុំ។
៣. ខ្ញុំចាត់ទុកខ្លួងឯងជាជនជាតិហិណ្ឌូ គ្រិស្តសាសនិកជន អ៊ីស្លាម ជ្វីហ្វ ពុទ្ធសាសនិក និងខុងជឺ។
៤. អហិង្សាគឺជាខដំបូងនៃជំនឿរបស់ខ្ញុំ។ វាក៏ជាខចុងក្រោយនៃគោលការណ៍របស់ខ្ញុំ។
៥. ភាពមានតែមួយជាច្បាប់ធម្មជាតិ។ ចូរសំឡឹងមើលភាពផ្តាច់មុខនៃការរះរបស់ព្រះអាទិត្យ។ ភាពមានតែមួយក្នុងជីវភាពរស់នៅចាំបាច់ គឺការចេះធ្វើឲ្យជីវិតរីករាយ និងក្លៀវក្លាឡើង។
៦. ការបណ្តែតបណ្តោយតាមចំណូលចិត្តខ្លូនតែងមានព្រំដែន តែគ្មានទេសម្រាប់ការអត់ធ្មត់ទប់ចិត្តខ្លួនឯង។
៧. បុគ្គលណាម្នាក់ក៏អាចប្រឆាំងនឹងអំណាចរបស់អាណចក្រមិនត្រឹមត្រូវ មួយ ដើម្បីសង្គ្រោះកិត្តិយសរបស់ខ្លួន សាសនារបស់ខ្លួន ព្រលឹងរបស់ខ្លួន ហើយចាក់គ្រឹះសម្រាប់ការដួលរលំ ឬការកែប្រែថ្មីឡើងវិញនៃអាណាចក្រនោះ។
៨. តើមានការខុសគ្នាអ្វីទៅរវាងការស្លាប់ កំព្រា និងគ្មានផ្ទះសម្បែង តើការបំផ្លាញដ៏ឆ្កួតលីលាត្រូវបានចារក្រោមផ្លាកផ្តាច់ការនិយម ឬក៏ផ្លាកដ៏ពិសិដ្ឋនៃសេរីភាពឬក៏ប្រជាធិបតេយ្យ?
ម៉ៅ សេទុង
(១៨៩៣-១៩៧៦)
រដ្ឋបុរសបដិវត្តន៍ដែលទទួលខុសត្រូវក្នុងការបង្កើតសាធារណៈរដ្ឋ ប្រជាមានិតចិន និងដាក់ឲ្យអនុវត្តគម្រូរដ្ឋាភិបាលកុម្មុយនិស្តតែមួយគត់លើពិភព លោក
១. ទ័ពឧទ្ទាមត្រូវរស់នៅក្នុងចំណោមប្រជាជន ប្រៀបដូចទឹកនិងត្រី។
២. នយោបាយជាសង្គ្រាមគ្មានការបង្ហូរឈាម ឯសង្គ្រាមជានយោបាយមានការបង្ហូរឈាម។
៣. ជនកុម្មុយនិស្តគ្រប់រូបត្រូវយល់នូវការពិតដែលថា “ អំណាចនយោបាយដុះចេញពីចុងកាណុង” ។
៤. ការទុកឲ្យបុប្ផាមួយរយទងរីក និងថ្នាលគំនិតមួយរយដុះដាលប្រជែងគ្នាជាគោលនយោបាយសម្រាប់ជំរុញ ការអភិវឌ្ឍន៍វិស័យសិល្បៈនិងវិទ្យាសាស្ត្រព្រមទាំងវប្បធម៌សង្គម និយមចំរុងចម្រើនមួយលើទឹកដីរបស់យើង។
៥. គ្រាប់បែកបរមាណូជាខ្លាក្រដាសមួយដែលពួកប្រតិកិរិយាអាមេរិកប្រើ បន្លាចប្រជាជន។ វាមើលទៅគួរឲ្យខ្លាច តែតាមពិតពុំដូច្នេះទេ… រាល់ពួកប្រតិកិរិយាជាខ្លាក្រដាស។
ដកស្រង់ចេញពីសៀវភៅ កំពូលមេដឹកនាំពិភពលោក កែសម្រួលនិងរៀបរៀងដោយ កែវសំណាង បោះពុម្ពឆ្នាំ១៩៩៩
សាលារៀន